រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ ជំរុញឲ្យមន្ត្រីជំនាញ ឆ្លើយតបឲ្យទាន់ពេលវេលា ជូនកសិករចំពោះគ្រោះមហន្តរាយធម្មជាតិនានា និងបន្តជម្រុញបង្កើនការដាំដុះកសិកម្ម និងផលិតកម្មសត្វគ្រប់ប្រភេទ

  • 369
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាន ជំរុញឲ្យមន្ត្រីជំនាញកសិកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នា ឆ្លើយតបឲ្យទាន់ពេលវេលា ជូនកសិករចំពោះគ្រោះមហន្តរាយធម្មជាតិនានា និងបន្តជម្រុញបង្កើនការដាំដុះកសិកម្ម ការផលិតកម្មសត្វគ្រប់ប្រភេទ, រួមទាំងចាក់ថ្នាំបង្ការជម្ងឺសត្វ និងរោគឆ្លងពីសត្វ ដែលនាំឱ្យធានាបាននូវការផ្គត់ផ្គង់សត្វ និងសាច់ប្រកបដោយអនាម័យនិងសុវត្ថិភាពខ្ពស់។

មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ ក្នុងឳកាសឯកឧត្តមបណ្ឌិត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ២០២៣។

ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុក/ក្រុងទាំង៧ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មេឃុំ ចៅសង្កាត់ ព្រមទាំងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មជាច្រើនរូបទៀត។

ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺផ្តោតលើផលិតភាពកសិកម្ម ពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម យន្តូបនីយកម្មកសិកម្ម ដែលនឹងធ្វើឲ្យកំណើនក្នុងវិស័យកសិកម្មកាន់តែខ្ពស់។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកទឹកចិត្តដល់លោក-លោកស្រី នៃការិយាល័យកសិកម្ម ធនធានធមជាតិ និងបរិស្ថានតាមបណ្តាស្រុក/ក្រុងទាំង៧ ត្រូវលើកឡើងនូវបញ្ហាប្រឈមឱ្យបានផុលផុស ទាំងការចិញ្ចឹមសត្វ, ដំណាំស្រូវ, ដំណាំផ្សេងៗនិងបញ្ហានានា ដែលពាក់ព័ន្ឋទៅនឹងវិស័យកសិកម្ម ដើម្បីមន្ត្រីជំនាញចំណុះមន្ទីរពិនិត្យ សម្រាប់មានចំណាត់គាំទ្រ និងសហការអនុវត្តឱ្យមានប្រសិទ្ឋភាព ធ្វើយ៉ាងណាឱ្យវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំ មានការរីកចម្រើនទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា ក្នុងន័យនេះ គោលបំណងចំបងធំនោះគឺដើម្បីជំរុញឱ្យកម្ពុជាមានភាពខ្លាំងឈានទៅប្រកួតប្រជែងវិស័យកសិកម្ម ជាមួយប្រទេសនៅក្នុងតំបន់ និងឈានទៅរកកសិកម្មបែបធុរ:កិច្ច ដែលកិច្ចការនេះទាមទារនូវការតាំងចិត្តខ្ពស់ទើបអនុវត្តបានជោគជ័យនិងស្របតាមតម្រូវការទីផ្សារប្រកួតប្រជែង៕

អត្ថបទទាក់ទង