(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញលែងត្រីគល់រាំង ចំនួន២ក្បាល ទម្ងន់ ៧០គីឡូក្រាម ចូលទៅក្នុងអាងទឹកតាវ៉ាន់ (ទន្លេសិប្បនិម្មិត) ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ។
ការលែងត្រីគល់រាំង ដែលជាប្រភេទត្រីកម្រ និងកំពុងរងគ្រោះថ្នាក់ ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីចូលរួមចំណែកក្នុងការអភិរក្សធនធានជលផល ជាពិសេសប្រភេទត្រីដែលជាអត្តសញ្ញាណជាតិ "មច្ឆាជាតិ" ដែលកំពុងរងការគំរាមកំហែង។ លើសពីនេះ វត្តមានរបស់ត្រីគល់រាំងនៅក្នុងអាងទឹក នឹងជួយបង្កើនសោភ័ណភាព និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់នេះផងដែរ។
កន្លងមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្រោមការចង្អុលបង្ហាញពីរដ្ឋបាលខេត្ត បានលែងនូវប្រភេទត្រីជាច្រើនប្រភេទដូចជា៖ ត្រីរាជ ត្រីប្រាធំ ត្រីកញ្ជនជ័យ ត្រីរ៉ស់ អណ្ដើក និងប្រភេទវារីសត្វផ្សេងៗទៀត ចូលក្នុងអាងទឹកតាវ៉ាន់នេះជាបន្តបន្ទាប់ ក្នុងគោលបំណងអភិរក្ស និងបង្កើតផលស្តុកត្រីធម្មជាតិ។ ក្នុងនោះ ប្រភេទត្រីសំខាន់ៗ និងជាប្រភេទត្រីធំកម្រមានពីរប្រភេទ គឺត្រីរាជ និងត្រីគល់រាំងនេះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បានពាំនាំការផ្ដាំផ្ញើពីសំណាក់ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមជួយថែរក្សា មិននេសាទ ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់សុវត្ថិភាពត្រីទាំងនេះ ដើម្បីទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។
ជាចុងក្រោយ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់រដ្ឋបាលស្រុកតំបែរ ដែលបានប្រគល់ត្រីគល់រាំងចំនួន ២ក្បាល ដែលបានមកពីប្រជាពលរដ្ឋចាប់បាននៅក្នុងអាងទឹកទំនប់ជាំតាហឹង នៅឃុំទឹកជ្រៅ ស្រុកតំបែរ និងប្រគល់ជូនរដ្ឋបាលខេត្ត យកមកព្រលែងចូលក្នុងអាងតាវ៉ាន់ ដើម្បីថែរក្សានិងអភិរក្ស។








