រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំមន្ត្រីជាន់ខ្ពស់ ប្រារព្ធពិធីកាន់បិណ្ឌទី១១ នៅខេត្តត្បូងឃ្មុំ

  • 8
  • ដោយ Admin

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានអញ្ជើញជាអធិបតីក្នុងពិធីកាន់បិណ្ឌទី១១ ប្រកបដោយសទ្ធាជ្រះថ្លា នៅវត្តត្រពាំងព្រីង ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ រួមទាំងបុត្រាបុត្រី ចៅប្រុស ឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ពិធីបុណ្យកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌចាប់ផ្តើមពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលជាពេលវេលាដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីវត្តអារាមនានា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។


ក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំងឯកឧត្ដម វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងក្រុមគ្រួសារ ក៏បានឧទ្ទិសនូវកុសលផលបុណ្យដែលកើតចេញពីពិធីកាន់បិណ្ឌទី១១នេះ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន និងឥស្សរជន វីរជន ពិសេសយុទ្ធជនដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនពីការឈ្លានពានទឹកដីនាពេលកន្លងមក សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធទាំងអស់បានកើតក្នុងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។


ជាកិច្ចបញ្ចប់ ក្នុងពិធីកាន់បិណ្ឌទី១១ នេះ សម្តេច ឯកឧត្ដម និងលោកជំទាវ ក៏បានប្រគេននូវបច្ច័យកាន់បិណ្ឌចំនួន ១០លានរៀលជាង រួមទាំងទេយ្យវត្ថុមួយចំនួនធំដល់ព្រះសង្ឃក្នុងវត្តផងដែរ។

អត្ថបទទាក់ទង