រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

នាយឧត្តមសេនីយ៍ គន់ គីម និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសទទួលស្គាល់អនុប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និងសំណេះសំណាលជាមួយសមាជិកសមាគម

  • 427
  • ដោយ Admin

(ត្បូងឃ្មុំ) ៖ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ពិធីប្រកាសទទួលស្គាល់អនុប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំចំនួន ២៨ រូប និងសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទូទាំងខេត្ត នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ ប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរងខេត្ត លោក-លោកស្រី ឯកឧត្តម លោកអនុប្រធាន គណៈកម្មាធិការ ស.អ.ក ខេត្ត ប្រធាន-អនុប្រធាន និងសមាជិក លេខាធិការដ្ឋាន ស.អ.ក ខេត្ត ប្រធាន-អនុប្រធាន គណៈកម្មាធិការ ក្រុង-ស្រុក ប្រធាន-អនុប្រធាន លេខាធិការដ្ឋាន ស.អ.ក ក្រុង -ស្រុក និងប្រធានសាខា ស.អ.ក ឃុំ-សង្កាត់ ប្រធានគណៈកម្មាធិការ ស.អ.ក. ក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត បងប្អូនយុទ្ធជនពិការ និវត្តន៍ជន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពី ឯកឧត្តមឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការ ស.អ.ក. ខេត្ត បានអានរបាយការណ៍សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ រួចមក ថ្លែងនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៏លើកឡើងថា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជននេះ លោកតែងទទួលបានការដាស់តឿន និងក្រើនរំលឹកជាប់ជានិច្ចពីសំណាក់សម្តេចតេជោ ឱ្យយកចិត្តទុកដាក់ គិតគូរលើសុខទុក្ខ ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន ជាពិសេសត្រូវប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងប្រឹងប្រែងលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យបានប្រសើរ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច ផ្តល់ផ្ទះ និងជំរុញការដាំដុះបង្កបង្កើនផលជាដើម។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន។

សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក្នុងពិធីប្រកាសទទួលស្គាល់ទទួលស្គាល់អនុប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំចំនួន ២៨ រូប និងបាននាំយកអំណោយរបស់សម្ដេចតេជោ ជូនបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទូទាំងខេត្ត ចំនួន ១២៨នាក់ ក្នុងមួយនាក់ទទួលបានថវិកា ចំនួន ១០០,០០០៛ អង្ករ ០១បេ (២៥ គ.ក) និងមីចំនួន ០១កេស សរុបជាថវិកា ចំនួន ២១,៨៨៨,០០០ រៀល ៕

អត្ថបទទាក់ទង