រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងអគ្គរាជទូតជប៉ុន ចុះសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងពិនិត្យសំណង់ និងសម្ភារបរិក្ខារពេទ្យ

  • 445
  • ដោយ Admin

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និង លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាលជាមួយបុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងពិនិត្យសំណង់ និងសម្ភារបរិក្ខារពេទ្យបំពាក់នៅអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។

ការចុះជួបសំណេះសំណាលនេះ ក៏មានការចូលរួមពី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាតខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីមួយចំនួនផងដែរ។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៦ មានផ្ទៃដីទំហំសរុប ១២ ៦៤៧ ម៉ែត្រក្រឡា និងបានពង្រីកផ្ទៃដីបន្ថែមទំហំ ៥ ៦២៥ ម៉ែត្រក្រឡា ធ្វើឱ្យផ្ទៃដីមន្ទីរពេទ្យបច្ចុប្បន្នមានទំហំ ១៨ ២៧២ ម៉ែត្រក្រឡា។

អគារមន្ទីរពេទ្យថ្មីចំនួន ២ មានទំហំប៉ុនគ្នា កម្ពស់ ៤ជាន់ ស្មើ ១៥,១០ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកនេះ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដឹកនាំការសាងសង់ដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

ការសាងសង់អគារមន្ទីរពេទ្យនេះ ក៏បានគិតគូររៀបចំឱ្យមានបន្ទប់សម្រាកសម្រាប់គ្រូពេទ្យដែលមកពីឆ្ងាយដើម្បីជួយសម្រួលដល់ការស្នាក់នៅនិងការចំណាយជួលផ្ទះ។
រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួយបំពាក់នូវសម្ភារបរិក្ខារពេទ្យចំនួន ១៧មុខ ស្មើ ២៦២ ៨០០ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាសមិទ្ធផលនៃ «គម្រោងបំពាក់បរិក្ខារពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ» ក្នុងក្របខណ្ឌនៃមូលនិធិ KUSANONE។ អង្គការបេះដូងជប៉ុន ក៏បានជួយបណ្តុះបណ្តាលជំនាញវះកាត់ និងចុះជួយវះកាត់និងព្យាបាលផ្ទាល់ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាល លោក MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលកសាងឡើងនៅក្នុងស្រុកក្រូចឆ្មារ ដែលការសាងសង់ដំណើរការទៅដោយរលូន ទាន់ពេលវេលា និងមិនមានការរាំងស្ទះ ទោះជាប្រឈមនឹងសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ជាមួយនឹងការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើប និងអាចដំណើរការស្របតាមកម្រិតដែលបានស្នើសុំទៅជាកម្រិត ២ (CPA 2)។ ជាមួយនេះ លោកឯកអគ្គរាជទូត សង្ឃឹមជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-ជប៉ុន នឹងកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

អត្ថបទទាក់ទង