រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងបរិស្ថាន បើកកិច្ចប្រជុំរួមគ្នាលើការងារបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ និងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ក្នុងស្រុកក្រូចឆ្មារ

  • 130
  • ដោយ Admin

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួង បានបើកកិច្ចប្រជុំរួមគ្នាមួយលើការងារផ្សព្វផ្សាយ អនុក្រឹត្យស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ និងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបោះបង្គោលព្រំប្រទល់តំបន់ការពារធម្មជាតិ និងបោះបង្គោលព្រំ តំបន់គ្រប់គ្រង និងចុះបញ្ជីរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ របស់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ប្រតិភូក្រសួងបរិស្ថាន អភិបាលរងខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរស្រុកក្រូចឆ្មារ ស្រុកតំបែរ និងបណ្តាស្រុកជាប់ព្រំប្រទល់ ព្រមទាំងអ្នកពាក់ព័ន្ធ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះក្រុមការងាររបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន ដោយមានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ជាសេនាធិការ ក្នុងការសិក្សាពីលទ្ធភាពនៃការដាក់តំបន់ព្រៃលិចទឹក ព្រៃឫស្សីមាត់ឃ្មួង ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ព្រមទាំងតំបន់បឹងកាពិត ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិបន្ថែមទៀតផងដែរ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម ក្នុងការជំរុញការដាក់តំបន់ទាំងនេះ ជាតំបន់ការពារធម្មជាតិជាបន្តទៀត ជាក់ស្ដែងរៀបចំបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ គឺជាគំនិតផ្ដួចផ្ដើម របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដោយបានសាងសង់ប្រព័ន្ធធារាសាស្រ្តស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ផ្សេងៗជូនប្រជាពលរដ្ឋ នៅស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ រួមមានដូចជាទំនប់ស្ទាក់ទឹក និងប្រឡាយជាដើម ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានបង្ហាញនូវគោលបំណងនៃកិច្ចប្រជុំនេះដោយផ្តោតសំខាន់ទៅលើការទប់ស្កាត់ និងបង្រ្កាបការទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់ រៀបចំផែនការគ្រប់គ្រង ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ និងសកម្មភាពអេកូទេសចរណ៍ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ ព្រោះជាដែនជម្រកសត្វស្លាបកម្រ មច្ឆា ចំណីអាហារ (ត្រី ជលផល និងអនុផល) ពិសេសជាប្រភពទឹកដ៏សំខាន់សម្រាប់ការប្រើប្រាស់ របស់ប្រជាសហគមន៍ និងដំណាំកសិកម្ម ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ការងារជាអាទិភាពរបស់ក្រសួងបរិស្ថាន ដោយមានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំផ្ទាល់ ដោយសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងស្ថាប័នពាក់ព័ន្ធ គឺបង្កើតក្រុមការងារបោះបង្គោលព្រំប្រទល់តំបន់ការពារធម្មជាតិ បោះបង្គោលព្រំប្រទល់តំបន់គ្រប់គ្រង និងចុះបញ្ជីជាដីរដ្ឋ និងរបៀងជីវៈចម្រុះ តាមរយៈការអប់រំផ្សព្វផ្សាយ វគ្គបណ្ដុះបណ្ដាល នានា ជាយន្តការ ដើម្បីអភិរក្សតំបន់នេះ និងក៏ជាការចូលរួមលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ ។

សូមជម្រាបថា ខេត្តត្បូងឃ្មុំ មានកំណើនសេដ្ឋកិច្ចបាន ដោយអាស្រ័យលើ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសេវាកម្ម ក្រៅពីនោះគឺនៅមានធនធានធម្មជាតិដ៏សម្បូរបែប មានជាអាទិ៍ តំបន់ការពារធម្មជាតិចំនួន២កន្លែង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក មានផ្ទៃដីទំហំ ១៩៩ ហិកតា ដោយត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ៨៧ អនក្រ.បក ចុះថ្ងៃទី ០៩ ខែ ឧសភា កាលពីឆ្នាំ២០១៦ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ មានទំហំផ្ទៃដី ១,៦៤៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកតំបែរ ដែលរាជរដ្ឋាភិបាល ទើបនឹងសម្រេចបង្កើតឡើង តាមរយៈអនុក្រឹត្យលេខ ២២៨ អនក្រ.បក ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕

អត្ថបទទាក់ទង