រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ បិទការប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២១ ដើម្បីអបអរទិវារជ័យជំនះ០៧មករា

  • 228
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡា ក្នុងពិធីបិទការប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឆ្នាំ២០២១ ដើម្បីអបអរសាទរខួបលើកទី៤៣ ថ្ងៃបុណ្យទិវារជ័យជំនះជាតិ៧មករា (៧ មករា១៩៧៩~៧មករា ២០២២) ដែលធ្វើឡើងនៅទីលានបាល់ទាត់សម្តេចតេជោ ហ៊ុនសែនសួង ក្នុងក្រុងសួង កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

មានប្រសាសន៍សំណេះសំណាលនាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអបអរសាទរចំពោះជ័យលាភី ដល់ក្រុមជ័យលាភី ដែលបានខិតខំប្រកួតប្រជែង ដែលជាចូលរួមលើកស្ទួយវិស័យកីឡានៅក្នុងខេត្ត ពិសេសចំរាញ់យកគុណភាពកីឡាករទៅកាន់ថ្នាក់ជាតិ។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញរហូតដល់សព្វថ្ងៃ តាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ទើបវិស័យកីឡារបស់យើងមានការរីកចម្រើន និងអភិវឌ្ឍនៅគ្រប់មូលដ្ឋាន។

ជាមួយគ្នានេះ ការដែលអាចដំណើរការកីឡាបាននៅទីនេះ ក៏ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យ និងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្ថែមថាតាមរយៈការប្រកួតប្រជែង បានឆ្លុះបញ្ចាំងនូវការចូលរួមលើកកម្ពស់វិស័យកីឡា ឱ្យមានការវិវឌ្ឍឈានទៅមុខ ដើម្បីជាកត្តាមួយនាំឱ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត រួមទាំងទទួលបានចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពស្និទ្ធស្នាល និងបង្កើតឱ្យមានកម្មវិធីនេះបន្តទៅឆ្នាំក្រោយៗទៀត។

បើតាមលោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ឲ្យដឹងថា តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ របស់ក្រុមកីឡាករ កីឡាការិនី លើ០៨វិញ្ញាសារ ប្រព្រឹត្តទៅអស់រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ទី០៦ ខែមករា ឆ្នាំ២០២២ ជាលទ្ធផល

ផ្នែកបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករមកពីមន្ទីរសាធារណៈការខេត្ត និងផ្នែកបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាការិនីមកពីស្រុកមេមត់ ទទួលបានពានរង្វាន់១ ទង់អនុស្សារីយ១ ខោអាវ១៨កំប្លេរ និងថវិការចំនួន៣.៦០០.០០០៛ ដូចគ្នា។

ផ្នែកបាល់ទះបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករមកពីស្រុកពញាក្រែក និងផ្នែកបាល់ទះនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាការិនីមកពីក្រុងសួង ទទួលបានពានរង្វាន់១ ទង់អនុស្សារីយ១ ខោអាវ១២កំប្លេរ និងថវិការចំនួន២.៤០០.០០០៛ ដូចគ្នា។

ផ្នែកបាល់បោះបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករមកពីក្រុងសួង និងផ្នែកបាល់បោះនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាការិនីមកពីក្រុងសួង ទទួលបានពាន់រង្វាន់១ ទង់អនុស្សារីយ១ ខោអាវ១២កំប្លេរ និងថវិការចំនួន២.៤០០.០០០៛ ដូចគ្នា។

ផ្នែកប៉េតង់ ប៊ូលបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករមកពីគណបក្សប្រជាជនកម្ពុជា និងផ្នែកប៉េតង់ ប៊ូលនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាការិនី មកពីស្រុកត្បូងឃ្មុំ ទទួលបានពានរង្វាន់១ ទង់អនុស្សារីយ១ ខោអាវ៤កំប្លេរ និងថវិការចំនួន៨០០.០០០៛ ដូចគ្នា។

ដោយឡែកសម្រាប់លេខ២និងលេខ៣ ទទួលបាន ទង់អនុស្សារីយ សម្ភារៈកីឡា និងថវិការលើកទឹកចិត្តមួយចំនួនផងដែរ៕

អត្ថបទទាក់ទង