រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបិទខ្ទប់នៅក្រុងសួង -ស្រុកត្បូងឃ្មុំ និងនាំស្បៀងអាហារ ថវិកាប្រគល់កងកម្លាំងដែលកំពុងឈរជើង១២ទីតាំង

  • 376
  • ដោយ Admin

(ត្បូងឃ្មុំ)៖ គ្រាដែលខេត្តត្បូងឃ្មុំនៅតែបន្តផ្ទុះរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យផ្សារ ក៍ដូចជាទីតាំងមួយចំនួនបន្តបិទខ្ទប់ជាបន្តបន្ទាប់ ខណៈសាលារៀនក៏នៅមិនទាន់អាចបើកដំណើរការវិញផងដែរនាពេលនេះ។

ដើម្បីផ្តល់ការលើកទឹកចិត្ត និងការណែនាំនូវវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយអភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ចុះពិនិត្យដោយផ្ទាល់ ទីតាំងដបិទខ្ទប់២កន្លែង នៅក្រុងសួង១កន្លែង និងក្នុងស្រុកត្បូងឃ្មុំ១កន្លែង។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានធ្វើការសំណេះសំណាលលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងកំពុងឈរជើង១២គោលដៅ នៅ២ទីតាំងបិទខ្ទប់ខាងលើ សរុប៨៤នាក់ ដោយបានឧបត្ថម្ភ មី៦៥កេស ទឹកសុទ្ធ៣០កេស ម៉ាស២កេស អាកុល៣កាន និងថវិកាក្នុងម្នាក់២ម៉ឺនរៀល សរុប១,៦៨០,០០០រៀល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ ក៍ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើ និងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» ក៏ដូចជាបន្តឈរជើងនូវគោលដៅបិទខ្ទប់នេះឲ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ«៣កុំ-៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល ជៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងក្រុមការងារបន្តចុះពិនិត្យផ្លូវមួយខ្សែដែលខូចខាតដោយទឹកភ្លៀងជន់លិច ដើម្បីក្តាប់ពីទំហំខូចខាត ងាយស្រួលក្នុងការវាយតម្លៃលើការងារជួសជុលឡើងវិញ ក៏ដូចជាបន្តចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព មានផ្ទៃក្រឡា១៥ហិកតា ត្រៀមសម្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ មកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ៕

អត្ថបទទាក់ទង