រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

កឋិនទានសាមគ្គីរដ្ឋបាលខេត្តត្បូងឃ្មុំ ដង្ហែទៅកាន់វត្តតេជសុវណ្ណភូមិ វត្តទើបបង្កើតថ្មី ប្រមូលបច្ច័យបានជាង១១៨លានរៀល

  • 1.7ពាន់
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទាន ប្រមូលបានបច្ច័យចំនួនជាង១១៨លានរៀល ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅវត្ត តេជបារមីសិរីសុខារាម ហៅវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយ។ អង្គកឋិនទាននេះ ប្រារព្ធឡើងរយៈពេល២ថ្ងៃ នាថ្ងៃទី០៩ និងទី១០ ខែតុលា ឆ្នាំ២០២០។

សម្រាប់រសៀលថ្ងៃទី០៩ ថ្នាក់ដឹកនាំទាំង២រូប និងមន្ត្រីរាជការ ពុទ្ធបរិស័ទ្ធជិតឆ្ងាយជួបជុំប្រារព្ធពិធីក្រុងពាលី និងសូត្រមន្តទៅតាមប្រពៃណីសាសនា លុះថ្ងៃទី១០បានធ្វើពិធីដង្ហែអង្គកឋិនទាន ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យសរុបចំនួន៩០លានរៀល និង៤៦៩០ដុល្លារ សម្រាប់ប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តតេជសុវណ្ណភូមិនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានមានប្រសាសន៍ថា បច្ចុប្បន្នដោយសារ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានប្រព្រឹត្តធ្វើបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និង ជំនឿសាសនារៀងៗខ្លួន ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាពអោយបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាពដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងចូលរួមឲ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ក៍ដូចជារួមគ្នាថែរក្សាអនាម័យអោយបានជាប់ជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

គួរបញ្ជាក់ថា៖បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំនត់ទុក៕

អត្ថបទទាក់ទង