រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកតំបែរ ព្រមទាំងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្តខ្ពស់ ជៀសផុតពីការរងគ្រោះករណីលង់ទឹក និងសត្វអសិរពិស

  • 915
  • ដោយ Admin

(ត្បូងឃ្មុំ)៖ គ្រាដែលទឹកជំនន់ទន្លេមេគង្គនៅខេត្តត្បូងឃ្មុំ បន្តហក់ឡើងលើសកម្រិតប្រកាសអាសន្ន ដែលបណ្ដាលឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខសុវត្ថិភាពប្រជាពលរដ្ឋនោះ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានបន្តដឹកនាំក្រុមការងារមន្ទីរ អង្គភាព និងអាជ្ញាធរស្រុក ចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នៅក្នុងស្រុកតំបែរ។

ជាមួយការចុះតាមមើកស្ថានភាពការលិចលង់ និងសួរសុខទុក្ខពលរដ្ឋនោះ លោកបានចែកជូននូវម៉ុង នំចំណី ព្រមទាំងថវិការ ដើម្បីជួយសម្រួលតម្រូវការចំពោះមុខ របស់បងប្អូនផងដែរ។

នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។

មួយវិញទៀត ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស បើសិនមានតិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬក្រុមគ្រូពេទ្យ នៅជិតបំផុត ដោយរដ្ឋបាលខេត្តបានរៀបចំនៅតាមទីតាំង ទីទួលសុវត្ថិភាពពេញ ២៤ម៉ោង។ លោក អភិបាលខេត្តបានផ្តាំផ្ញើដល់អាជា្ញធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

បើតាមលោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឲ្យដឹងថា ស្រុកតំបែរគ្រួសាររងផលប៉ះពាល់ចំនួន ១៥៦គ្រួសារ ពលរដ្ឋដែលបានជន្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៥គ្រួសារ ព្រមទាំងលិចលង់ស្រូវ ចំនួន១៣២ហិចតា និងដំឡូងមីចំនួន ១៣ហិចតា។ ជាមួយគ្នានោះ ក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក លោក បានត្រៀមកម្លាំងពេញ២៤ម៉ោង ដើម្បីសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕

អត្ថបទទាក់ទង