រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ ប្រាប់ឲ្យសិស្សានុសិស្ស សម្រួលអារម្មណ៍ឲ្យល្អ ត្រៀមខ្លួនឲ្យរួចរាល់ ប្រលងឲ្យអស់ពីសមត្ថភាព កុំព្យូទ័រយួរដៃ រង់ចាំសិស្សជាប់និទ្ទេស A មកទទួល

  • 1.0ពាន់
  • ដោយ Admin

(ត្បូងឃ្មុំ)៖ សូមសិស្សានុសិស្សសម្រួលអារម្មណ៍ឲ្យល្អ ត្រៀមខ្លួនឲ្យរួចរាល់ ប្រលងឲ្យអស់ពីសមត្ថភាព កុំព្រូទ័រយួរដៃ លោក ជាម ច័ន្ទសោភ័ណ ប្រកាសផ្តល់ជូនសិស្សជាប់និទ្ទេស A ទូទាំងខេត្ត។ ដោយឡែក អាហារូបករណ៍ បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានា ចំណែកសិស្សក្រីក្រពិតប្រាកដ នឹងទទួលបានអាហារូបករណ៍ដូចគ្នាពី ស.ស.យ.ក ពីសម្តេចតេជោ គឺលោកតា ហ៊ុន សែន។

ថ្លែងលើកទឹកចិត្ត ផ្តល់កាដូឲ្យជាកុំព្យូទ័រ ចំនាយដោយថវិការផ្ទាល់ខ្លួនបែបនេះ ក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុងសួង ប្រធាននិងសមាជិក ស.ស.យ.ក ខេត្ត រួមទាំងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បន្តចុះសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៤៥០នាក់ ក្នុងវគ្គបំប៉នត្រៀមប្រលងបាក់ឌុប នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែនសួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

ស្ថិតក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យក្មួយៗ ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ប្រឹងប្រែងសង្វាតក្រេបយកចំណេះដឹង ដើម្បីអនាគតខ្លួន និងសង្គមជាតិទាំងមូល ពិសេសទឹកចិត្តឪពុកម្តាយ ដែលលោកខិតខំទំនុកបំរុងឲ្យយើងមកសិក្សា ព្រោះចង់ឃើញកូនមានអនាគតល្អ ដោយវិនិយោគលើការសិក្សារបស់កូន។

លោក បញ្ជាក់ថា ដូច្នេះកុំឲ្យឪពុកម្តាយអស់សង្ឃឹម ត្រូវខំប្រលងឲ្យជាប់ លោកជឿជាក់ថា ក្មួយៗអាចធ្វើបាន ដោយឡែកបន្ទាប់ពីជាប់ទី១២ ត្រូវបន្តការសិក្សាចាប់យកជំនាញ ដែលខ្លួនពេញចិត្តពិតប្រាកដ កុំរៀនតាមគ្នា ដែលមិនមែនជាអ្វីដែលយើងចូលចិត្ត នឹងត្រូវមាន៣ចំនុច ជាសំខាន់ នោះគឺចំណេះជំនាញ កុំព្យូទ័រ និងភាសា។

ជាមួយគ្នានោះ លោក អភិបាលខេត្ត ជំរុញឲ្យសិស្សានុសិស្សទាំងអស់ កុំបោះបង់ចោលការសិក្សា ព្រោះថា ក្មួយៗទាំងនេះហើយ ជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនពីលោក ក៏ដូចជាជាអ្នកដឹកនាំប្រទេស នៅថ្ងៃអនាគត។

លោក គូសបញ្ជាក់ថា ឲ្យតែក្មួយៗជាសិស្សក្រីក្រ និងស្រលាញ់ការសិក្សាពិតប្រាកដ លោកនឹងជួយទំនុកបំរ៉ុង ទោះបីត្រូវលក់ឡានក៏ដោយ ព្រោះលោកក៏ជាអ្នកស្រលាញ់ការសិក្សា និងជាបញ្ញវ័នមួយរូបផងដែរ ពិសេសជូនពរឲ្យប្រលងជាប់គ្រប់ៗគ្នា។

បន្ថែមលើសពីនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ-អ្នកគ្រូ ដែលជាមាតាបិតាទី២ របស់សិស្ស ដែលមានមនះសិកាជាតិខ្ពស់ មានឆន្ទៈម៉ុះម៉ុត ជាអ្នកបណ្តុះទំពាំង ដ៏មានគុណភាព ដែលចំណាយពេលវេលា មកបង្រៀន ពិសេសបង្រៀនបន្ថែមក្នុងវគ្គបំប៉ននេះ ។

ក្នុងឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ ក៏បាននាំយកថវិការមួយចំនួន របស់លោកឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា ផ្តល់ជូនដល់លោកគ្រូ-អ្នកគ្រូ ដើម្បីជាការលើកទឹកចិត្តផងដែរ៕

អត្ថបទទាក់ទង