រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

លើកទឹកចិត្តសិស្សខិតខំសិក្សា៖ អភិបាលខេត្តត្បូងឃ្មុំ ផ្តល់ជូនរង្វាន់កុំព្យូទ័រយួរដៃម្នាក់១គ្រឿង សម្រាប់សិស្សប្រលងបាក់ឌុប ជាប់និទ្ទេសAទូទាំងខេត្ត!!

  • 1.2ពាន់
  • ដោយ Admin

(ត្បូងឃ្មុំ)៖ សិស្សានុសិស្សដែលខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ រហូតប្រលងបាក់ឌុបជាប់និទ្ទេសA ទូទាំងខេត្តទាំងអស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សន្យានឹងផ្តល់ជូនកុំព្យូទ័រយួរដៃម្នាក់១គ្រឿង។

ការលើកទឹកចិត្តដល់សិស្សដែលសង្វាតក្នុងការរៀនសូត្រ ដោយផ្តល់ជាកាដូបែបនេះ ធ្វើឡើងក្នុងឳកាស លោក ជាម ច័ន្ទសោភ័ណ រួមជាមួយមន្ត្រីក្រោមឳវាទ និងសសយកខេត្ត ចុះសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូចំនួន៤០នាក់ និងសិស្សានុសិស្សជាង៦០០នាក់ ក្នុងវគ្គបំប៉នត្រៀមប្រលងបាក់ឌុប នៅវិទ្យាល័យទាំង៦ ទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពេញ១ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ។
ដែលវិទ្យាល័យទាំង៦នេះ មានវិទ្យាល័យ ហ៊ុនសែន ខ្នារ ,វិ ល័យហ៊ុនសែន ក្បាលអូរ , វិទ្យាល័យហ៊ុនសែន ត្រពាំងឫស្សី , វិទ្យាល័យហ៊ុនសែន ពាមជីលាំង, វិទ្យាល័យហ៊ុនសែន ទន្លេបិទ និងវិទ្យាល័យ សម្តេចម៉ែ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងទៅកាន់ក្មួយៗ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះថាអនាគតក្មួយៗ ក្រុមគ្រួសារ នឹងសង្គមជាតិទាំងមូល គឺពឹងផ្អែកលើក្មួយៗទាំងអស់នេះហើយ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសង្គមជាតិរបស់យើង ពីព្រោះថាយុវជន គឺជាកោសិកា ជាសសរទ្រូងដ៍រឹងមាំ សម្រាប់អភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ក៍ដូចជាប្រទេសកម្ពុជាទាំងមូល ពិសេសប្រកួតប្រជែងលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានក្រើនរំលឹកថា អ្នកចេះគឺជាប់ ដូច្នេះត្រូវខិតខំប្រឹងប្រែងសិក្សា យកចំនេះដែលខិតខំកន្លងមក បញ្ចេញឲ្យអស់នាថ្ងៃប្រលង ពិសេសថែរក្សាសុខភាពឲ្យល្អ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជូនពរ ដល់ក្មួយៗសិស្សានុសិស្ស ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ឱ្យជាប់គ្រប់ៗគ្នា ហើយ ឯកឧត្តមបណ្ឌិត ក៏បាននាំយកថវិការបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនដល់លោកគ្រូអ្នកគ្រូ ដែលខិតខំបង្រៀនយ៉ាងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត នាឱកាសនោះផងដែរ៕ វីរៈ៚

អត្ថបទទាក់ទង