រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋាន

  • 1.3ពាន់
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងសង្កត់ធ្ងន់ៗថា តាមបណ្តារាជធានីខេត្តទូទាំងប្រទេស ត្រូវបង្កើនការគ្រប់គ្រងសំណង់អគារផ្សេងៗ ពិសេសសំណង់អគារធំៗខ្ពស់ៗឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស នៃការសាងសង់។ ហើយចាប់ពីពេលនេះទៅ សំណង់ណាអត់មានច្បាប់ លោកនឹងដាក់បណ្តឹងទៅព្រះរាជអាជ្ញារ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋាន នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធានអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ក្រុង-ស្រុក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំសាលាខេត្តមន្ទីរ-អង្គភាព ក្រុង-ស្រុកទាំង៧ មេឃុំ-ចៅសង្កាត់ទាំង៦៤ និងវិស័យឯកជនក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា បើតាមរបាយការណ៍នៅឆ្នាំ២០១៩ និង២០២០នេះ កត់សម្គាល់ឃើញថាសំណង់អគារមានភាពរស់រវើកដោយសារការចូលរួមចំណែកកែលម្អទ្រទ្រង់ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៍បានថ្លែងការកោតសសរសើរចំពោះរដ្ឋបាលខេត្តដែលខិតខំកែលម្អលើកកម្ពស់សោភ័ណភាពទីប្រជុំជនទីរួមខេត្ត ដែលបានដាក់ភ្លើងបំភ្លឺផ្លូវនាពេលរាត្រី ធ្វើសួនច្បារ បង្កើតកម្មវិធីសប្បាយៗសម្រាប់ប្រជាពលរដ្ឋមកជួបជុំលេងកំសាន្តក្រោមម្លប់សន្តិភាព ព្រមទាំងជំរុញឲ្យបន្តលើការងារនេះបន្ថែមទៀត។

ឯកឧត្តម បន្ថែមថា ទន្ទឹមនឹងការពង្រឹងគុណភាពវិស័យនានាពាក់ព័ន្ធដល់វិស័យទេសចរណ៍ការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតក្នុងមូលដ្ឋាន ការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរនៅក្នុង និង ក្រៅប្រទេសសំដៅបង្កើនការងារ បង្កើន ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៍បានថ្លែងរ៉ាប់រងគាំទ្រសាងសង់ទាំងស្រុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមជាមួយនឹងអគារថ្មី និងមានភាពទំនើបកម្ម។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៍បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ រួមសហការយ៉ាងជិតស្និទ្ធ និងខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ រយ:ពេលពេញមួយឆ្នាំកន្លងទៅនេះ ក៍ដូចជាស្នើឱ្យបន្តអនុវត្តន៍លើការងារឲ្យកាន់តែល្អប្រសើរថែមទៀត នាឆ្នាំថ្មីនេះ និងឆ្នាំបន្តបន្ទាប់រហូតទៅ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងដែរថាសម្រាប់ឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ធានាបានយ៉ាងរឹងមាំនូវសន្តិភាព ការឯកភាពជាតិ សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ រួមចំណែកដល់ការលើកស្ទួយនីតិរដ្ឋ ការការពារនិងគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សំដៅបង្កបរិយាកាសល្អប្រសើរ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
តាមរយៈការអនុវត្តវិធានការនានា រួមទាំងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” បានធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

ជាមួយនឹងការរីកចម្រើនលើពហុវិស័យ ការងារបន្តកសាងស្ថាបនាអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ក្រុងនៃទីរួមខេត្ត គឺជាកិច្ចការជាអាទិភាព ដែលត្រូវគិតគូរយកចិត្តទុកដាក់ជាចម្បង តាមគម្រោងផែនការតម្រូវការ និងសំណូមពរជាក់ស្តែងផងដែរ៕

អត្ថបទទាក់ទង