រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ខេត្តត្បូងឃ្មុំប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយមានបង្ហោះគោម បាញ់កាំជ្រួច ការប្រគុំតន្រ្តីរាំសប្បាយជុំគ្នា នៅមាត់ទន្លេសិប្បនិម្មិត មានប្រជាពលរដ្ឋចូលរួមប្រមាណជិត១ម៉ឺននាក់ (Video inside)

  • 972
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ទោះបីជាមេឃភ្លៀងពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅយ៉ាងណាក៍បាន ប្រជាពលរដ្ឋប្រមាណជិត១ម៉ឺននាក់ បានសម្រុកមកចូលរួមដំណក់ទឹកភ្លៀង សប្បាយរីករាយក្រោមម្លប់សន្តិភាព ក្នុងកម្មវិធីដែលរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យបណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក ដោយមានការបង្ហោះគោម ការបាញ់កាំជ្រួច ប្រគុំតន្រ្តី រាំសប្បាយជុំគ្នា នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្តត្បូងឃ្មុំ។

កម្មវិធីយ៉ាងអធិកអធមនេះ ធ្វើឡើងនាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ក្រោមអធិបតីភាព ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាង១ម៉ឺននាក់ សប្បាយរីករាយទោះបីក្រោមដំណក់ទឹកភ្លៀងក្តី តែការចូលរួមរបស់ពលរដ្ឋយ៉ាងច្រើនកុះករ ក្រោមស្នាមញញឹមសប្បាយរីករាយកងរំពង ពេញទីប្រារព្ធពិធី។

ក្នុងឪកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ព្រឹត្តិការណ៍សប្បាយរីករាយរបស់ពលរដ្ឋជួបជុំគ្នាទៅបានដូចពេលនេះ គឺសុទ្ធសឹងប្រព្រឹត្តិទៅបានក្រោមដំបូលសុខសន្តិភាព មានស្ថេរភាពក្នុងប្រទេស ដោយមានការរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលរុញច្រានឲ្យមានកម្មវិធីដ៍អធិកអធមទូទាំងប្រទេសបានកើតមានឡើងជាបន្តបន្ទាប់។

ឯកឧត្តម ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតជនក្បត់ជាតិ សម រង្សុី និងបក្ខពួក ដើម្បីឲ្យកម្ពុជាមានសុខសន្តិភាព មានឪកាសជួបជុំសប្បាយរីករាយបែបនេះជាបន្តទៅ ពិសេសលោកសន្យា រៀបចំព្រឹត្តិការបែបនេះជាបន្តរហូត ធ្វើយ៉ាងណាឲ្យពលរដ្ឋទូទាំងខេត្ត ជួបជុំគ្នាផ្តល់ស្នាមញញឹមដាក់គ្នា ស្រលាញ់រាប់អានគ្នា ក្រោមម្លប់សុខសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំយកមកបានទាំងលំបាកនោះ។

ក្រោមទឹកមុខសប្បាយរីករាយស្រែកហ៊ោអបអរសាទរ របស់ប្រជាពលរដ្ឋដែលមកចូលរួម បានសំណូមពរឲ្យរដ្ឋបាលខេត្ត ប្រារព្ធកម្មវិធីបែបនេះ ជាបន្តរហូតទៅ និងបានប្រកាសប្រឆាំងជនក្បត់ជាតិ សម រង្សុី
សូមកុំចូលមកស្រុកខ្មែរ បង្កភាពចលាចលវឹកវរជាថ្មីទៀតអី ព្រោះកម្ពុជាទំរាំបានសុខសន្តិភាព និងរីករាយជុំគ្នាបែបនេះ គឺលំបាកណាស់៕

អត្ថបទទាក់ទង