រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនាំយកអង្ករ២០តោន ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋជួបការលំបាកក្នុងក្រុងសួង ចំនួន៤០០គ្រួសារ

  • 182
  • ដោយ Admin

(ត្បូងឃ្មុំ) ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅកម្ពុជា នៅអង្ករចំនួន ២០ តោន ចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជួបការលំបាក និងបញ្ហាផ្សេងៗ ចំនួនជាង ៤០០ គ្រួសារ នៅក្នុងមូលដ្ឋានក្រុងសួង នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២នេះ។

ពិធីផ្ដល់ជូននេះ ប្រព្រឹត្តទៅនៅសាលាក្រុងសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងសួង និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ។

ថ្លែងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេស ដោយសម្ដេចតែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈ ទីណាបងប្អូនប្រជាពលរដ្ឋមានការលំបាក ទីនោះគឺមានសម្ដេចតេជោ ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត បានចុះជួយជាប់ជានិច្ច ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានគូបញ្ជាក់ថា អំណោយជាអង្ករ នាំមកផ្ដល់ជូននាពេលនេះ សម្ដេចតេជោ ហ៊ុន សែន ចាត់អោយរដ្ឋបាលខេត្ត នាំយក អង្ករ ទាំងនេះ មកចែកជូនដល់បងប្អូនយើង ដើម្បីជួយសម្រួលជីវភាព និងតម្រូវការក្នុងគ្រួសារដែលកំពុងជួបការលំបាក។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តសហការគ្នាដោះស្រាយបញ្ញានានា ដែលជាទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអនុវត្តនៅគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ទៅបានដាក់ចេញ នឹងត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ចោរប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឲ្យភូមិ-ឃុំ/សង្កាត់ ប្រែក្លាយជា ភូមិ-ឃុំ/សង្កាត់ ស ស្អាត ធានាបានសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសួង ទាំងមូល ជាពិសេសរវាងភាគីពាក់ព័ន្ធ សហការ ចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត សំអាតសំរាមតាមបណ្ដាសួន និងដងផ្លូវនានា ក្នុងការបំពេញតាមសូចនាករ និងការវាយតម្លៃដាក់ពិន្ទុ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) ដើម្បីក្រុងសួងយើង ទទួលបានជ័យលាភី ផ្ការំដួល ៣ ទង៕

អត្ថបទទាក់ទង