រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២២នេះរដ្ឋបាលខេត្តត្បូងឃ្មុំ ដុតកម្ទេចចោលគ្រឿងញៀន ដែលប្រមូលបានពីការបង្ក្រាបបទល្មើសក្នុងខេត្តចំនួន០៣

  • 511
  • ដោយ Admin

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៍»ដោយបានដុតបំផ្លាញគ្រឿងញៀន ទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន០៣ ដែលបង្ក្រាបក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ចាម។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការ ស្នងការរងខេត្ត កងយោធាពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាង ១០០០នាក់។

បន្ទាប់ពី ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានធ្វើការរបាយការណ៍សង្ខេបនៃសកម្មភាពនានារបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត
រួចមក ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការវេចខ្ចប់ ដុតបំផ្លាញគ្រឿងញៀន តំណាងសាលាដំបូងទាំង ៣ខេត្ត បន្ដធ្វើរបាយការណ៍ស្ដីពីគ្រឿងញៀនដែលត្រូវបំផ្លាញទាំង០៣ខេត្ត រួមមានខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ចាម ។

តមក លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ក៏បានអាននូវសារលិខិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅខ្លឹមសារសារលិខិតសំខាន់ៗ របស់សម្ដេចតេជោ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តអនុវត្តន៍នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមដំណាក់កាល ជាបន្តទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងសង្កត់ធ្ងន់ថា សូមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតឹងរឹងបំផុតជៀសវាងឲ្យបានដាច់ខាត់គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើស គ្រឿងញៀន ពិសេសបង្ការបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន អោយមានប្រសិទ្ធភាព។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យ មានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពនៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ។

ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្ដាំផ្ញើទៅសិស្សានុសិស្សដែលបានចូលរួមថា ជាយុវជនគំរូនិងជាជនបង្គោល ត្រូវចូលរួមដំណើរការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយ:ការថែទាំខ្លួនឱ្យស្អាតស្អំ មិនប៉ះពាល់ជាមួយនឹងគ្រឿងញៀន និងជួយអប់រំណែនាំមិត្តភក្តិ និងគ្រួសារចៀសឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ៕

អត្ថបទទាក់ទង