រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ

  • 425
  • ដោយ Admin

្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្ថាប័នតុលាការ នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធានច្រកចេញចូលតែមួយសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួន។

ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈមួយចំនួន ដោយបានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ រួមមាន៖ -សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត -សេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត -សេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ(មករា កុម្ភៈ មីនា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត -សេចក្តីព្រាងគម្រោងប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីរាជការប្រចាំឆ្នាំ២០២១ និង-បញ្ហាផ្សេងៗ។

លោក សេង ជ័យវុធ នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងកំណត់ហេតុជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សា រួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រម២៥លើ២៥សម្លេង។

នាឳកាសនោះ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ព្រមទាំងបានបង្ហាញ និងណែនាំចំនុចល្អៗបន្ថែមមួយចំនួនទៀត ទុកជាបទពិសោធន៍ការងារដល់សមាជិកសមាជិកាក្នុងអង្គប្រជុំផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិត ក៍បានជំរុញឲ្យមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ត្រូវសហការជាមួយក្រុមបច្ចេកទេសរៀបចំឯកសាររបាយការណ៍ឲ្យបានរួចរាល់ត្រឹមត្រូវមានន័យគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនអង្គប្រជុំក្នុងការពិនិត្យសម្រេច ទាំងប្រជុំសាមញ្ញ និងវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ។

ជាពិសេសខណៈពេលដែលវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង ដែលបានឆ្លងចូលសហគមន៍ថ្មីៗនេះ ដែលជាប្រការដ៍គួរឲ្យព្រួយបារម្ភ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការអំពាវនាវ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលខេត្តត្បូងឃ្មុំ សូមការពារខ្លួននិងបន្តណែនាំដាស់តឿននៅតាមទីកន្លែងបំពេញការងារ ក៏ដូចជាមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ រួមគ្នាបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ នូវវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល <<៣កុំ៣ការពារ>> ដើម្បីខ្លួនយើង គ្រួសារយើង សហគមន៍យើង និងប្រទេសកម្ពុជាយើងទាំងមូល ជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ៕

អត្ថបទទាក់ទង