រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

  • 386
  • ដោយ Admin

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី៦៨ នៃទិវាបុណ្យឯករាជជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូ យ៉ាងជោគជ័យរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង។

ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំស្ថាប័នតុលាការ សាលាខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក និងមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ព្រះសង្ឃ និស្សិត យុវជនកាយរិទ្ធ ព្រមទាំងយុវជនស.ស.យ.ក។

ស្ថិតក្នុងឳកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ខួបអនុស្សាវរីយ៍ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅទូទាំងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ ក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តទៀតថា សម្តេចព្រះនរោត្តមសីហនុ ព្រះអង្គជាបិតាសន្តិភាព ព្រះបិតាបង្រួបបង្រួម និងផ្សះផ្សារជាតិ ទ្រង់បានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ រកគន្លឹះដោះស្រាយបញ្ហាកម្ពុជា រហូតទទួលបានសុខសន្តិភាព រស់ក្រោមដំបូលឆ័ត្រតែមួយ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជា តែងតែដង្ហែរតាមព្រះរាជតំរិះ ដ៍ថ្លៃថ្លាជារៀងរហូតមក ជាពិសេសដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យសង្គមជាតិទាំងមូល មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថា ជាមួយគ្នានេះ ការរំលឹកខួបអនុស្សាវរីយ៏ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅពេលជាមួយ នឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាន នូវគុណូបការៈដ៏ថ្លៃថ្លារបស់ វីរយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃផ្សេងៗ ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និងវិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

នាឳកាសនោះ កម្មវិធីទាំងមូលបានប្រព្រឹត្តិទៅដោយមានប្រគេនទេយ្យទានព្រះសង្ឃ០៩អង្គ ព្រះសង្ឃសូត្រស្វាធ្យាយជយន្តោ ដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធ និងអុជទៀនជ័យ អានប្រវត្តិសង្ខេបព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ និងជាចុងក្រោយពិធីបង្ហោះប៉េងប៉ោង៕

អត្ថបទទាក់ទង