រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញទទួលផ្លែមៀនប៉ៃលិន ៥តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ចែកជូនកងកម្លាំង មន្ត្រីជួរមុខ និងប្រជាពលរដ្ឋចត្តាឡីស័ក

  • 462
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត បានអញ្ជើញទទួលផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន) ចំនួន ៥តោន ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាំយកមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីទុកចែកជូនដល់មន្ត្រីជួរមុខ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្ត។

ផ្លែមៀនប៉ៃលិនយ៉ាងច្រើននេះ ត្រូវបានក្រុមការងាររបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ បានដឹកជញ្ជូនមកផ្តល់ជូន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ នៅសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា បន្ទាប់ពីរដ្ឋបាលខេត្ត ទទួលបានអំណោយមៀនទាំងអស់នេះ ពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងធ្វើការបែងចែកបន្ត ទៅមន្ទីរ អង្គភាព ស្ថាប័ន និងអាជ្ញាធរក្រុង ស្រុក ព្រមទាំងក្រុមគ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

ស្ថិតក្នុងឳកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជួសមុខឲ្យមន្ត្រីរាជការ និងពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ អំពីជីវភាពរស់នៅក៏ដូចជាទុក្ខលំបាកនានា របស់ប្រជាពលរដ្ឋទូទៅ ជារួមនឹងដោយឡែក ប្រជាពលរដ្ឋក៏ដូចជា មន្ត្រីជួរមុខ នៅក្នុងខេត្តត្បូងឃ្មុំ ជាពិសេស នាថ្ងៃនេះ សម្ដេចទាំងទ្វេរ បានផ្ដល់នូវអំណោយមៀន យ៉ាងឆ្ងាញ់ពិសារផងដែរ។

សូមជម្រាបថា៖ ការប្រគល់ផ្លែមៀននេះ គឺស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដែលបានបញ្ជាឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ចុះទៅប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ ក្នុងទិសស្លោកដែលមិនអាចបំភ្លេចបានគឺ «ខ្មែរជួយខ្មែរក្នុងគ្រាលំបាក»៕

អត្ថបទទាក់ទង